ព័ត៌មានជាតិ

តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចខ្មែរ ស្នើឲ្យសហការគ្នា ដើម្បីធានា ជនមានពិការភាពក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិ

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករាដែលតំណាងឲ្យរដ្ឋមន្រ្តី បានលើកឡើងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់មកពីប្រទេសអាស៊ានថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាព ឲ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើពួកគាត់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសង្គមកិច្ច។

លោក ឯម ច័ន្ទមករា បានថ្លែងក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូក្រោយឆ្នាំ២០២៥” នាថ្ងៃ១០ តុលា នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ីថា រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ានគួរបន្តប្រកាន់ភ្ជាប់គោលការណ៍ប្រព័ន្ធទំនាក់ទំនង ពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងតំប់អាស៊ាន ឲ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន។ ទន្ទឹមនេះត្រូវបន្តរក្សាឲ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» សម្រាប់កិច្ចការសង្គមកិច្ច ក្នុងការកសាងទំនាក់ទំនងសកលនិងតំបន់ដែលផ្តោតលើវិស័យពិការភាព ។

លោកក៏បានស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ក៏គួរធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវកិច្ចទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះ នៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាពនាបច្ចុប្បន្ន។

រដ្ឋលេខាធិការគូសបញ្ជាក់ថា «យើងត្រូវពង្រឹងការសម្របសម្រួលការរៀបចំគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថាយើងអាចស្តារនិងងើបចេញពីវិបត្តិបានដូចៗគ្នា សម្រាប់ជនមានពិការភាពក្នុងតំបន់អាស៊ានរបស់យើង។ ក្នុងនោះ យើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយរបស់យើង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ និងសកលដើម្បីសម្រេចបាននូវសង្គតិភាព និងមិនមានការបែកខ្ញែកគ្នា»។

ក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា ក៏បានបន្តលើកឡើងពីជោគជ័យមួយចំនួនរបស់កម្ពុជាទាក់ទងពិការភាព រួមមាន ៖ ការផ្តល់អ្នកបកប្រែភាសាសញ្ញាតាមទូរទស្សន៍ ការអភិវឌ្ឍ សម្ភារៈសិក្សាដ៏ទូលំទូលាយដែលតម្រូវសម្រាប់ជនពិការ និងការអនុវត្តប្រព័ន្ធកូតាជ្រើសរើសបុគ្គលិក ដើម្បីធានាបាននូវការរួមបញ្ចូលនៅកន្លែងធ្វើការ និង ព្រឹត្តិការណ៍ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយក្នុងវិស័យពិការភាពដែលមិនធ្លាប់មានតាំងពីការកកើតប្រទេស ព្រមទាំងការរៀបចំសន្និសីទលើកទី៥ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (CBID5) ស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន” ផងដែរ៕

To Top