ព័ត៌មានជាតិ

​ការបន្តកិច្ចសហប្រតិបត្តិការ កម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

ភ្នំពេញ​ ៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោក​ ឧបនាយករដ្ឋមន្ត្រី​ ថ្លែងបែបនេះ នាឱកាសអនុញ្ញាតជូន លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៣។

លោក​ ឧបនាយករដ្ឋមន្ត្រី​ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម, ការងារបោសសម្អាតមីន, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងជំនួបប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះ​ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូន លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណៈពហុវិស័យចំនួនបីរួមមាន អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៕

To Top