ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ប្រេស៊ីល នឹងជួបគ្នាដាក់ចេញវិធានការសកម្មភាព ជំរុញ និងពង្រីកសហប្រតិបត្តិ មានកន្លងមក

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ តុលានេះ នឹងជួបពិភាក្សាជាមួយលោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាលោករដ្ឋមន្ត្រី ម៉ៅរូ វីអេរ៉ា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី ផងដែរ។

ក្នុងប្រកាសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ៕

To Top