ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន បានស្នើឲ្យលោក ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជាជួយជំរុញភ្ញៀវទេសចរខ្លួនមកដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ខណៈពលរដ្ឋអាមេរិក ក៏ជាគោលដៅទេសចរណ៍ដ៏ធំរបស់កម្ពុជា ។ ក្រៅពីការស្នើឲ្យមានភ្ញៀវទេសចរពីអាមេរិកមក លោករដ្ឋមន្រ្តីខ្មែររូបនេះ ក៏បានឲ្យលោកទូតជួយគៀងគរអ្នកវិនិយោគមកផងដែរ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីទេសចរណ៍ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ផាទ្រីក មើហ្វី នាថ្ងៃ១០ តុលា ។ ក្នុងជំនួបនោះ បានពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ។
លោកឯកអគ្គរដ្ឋទូត និងរដ្ឋមន្ត្រីបានចែករំលែកចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើការកសាងភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជន ។
ជាមួយគ្នានេះដែរ លោក សុខ សូកេន គូសបញ្ជាក់ថា “ភ្ញៀវទេសចរអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩ និងស្នើឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យកាន់តែកើនច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា”។
ចំណែក លោកឯកអគ្គរដ្ឋទូតវិញបានសង្កេតឃើញថា កម្ពុជាមានភាពជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងមើលឃើញសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសនេះក្នុងការអភិវឌ្ឍ និងបរិវត្តអេកូទេសចរណ៍ និងកសិទេសចរណ៍។ ឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា នឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនមកសហរដ្ឋអាមេរិក និងបន្តសម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ៕