ភ្នំពេញ ៖ ជុំវិញព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសថ្មីៗនេះ ដែលផ្ទុះការសម្រុកវាយប្រហារ ពីសំណាក់ក្រុមប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន លើអ៊ីស្រាអែល ត្រូវបានលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីកសួងព័ត៌មាន បានលើកជាទស្សនថា សង្គ្រាមរវាងក្រុមទាំង២នេះ បានធ្វើឲ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងរណសិរ្ស ២ ក្នុងពេលតែមួយ ។
យោងតាមសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃ១១ តុលានេះ បានឲ្យដឹងថា “សង្គ្រាមរវាងពួកហាម៉ាស់ និងអ៊ីស្រាអែល ធ្វើឲ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងរណសិរ្ស ២ ក្នុងពេលតែមួយ គឺរណសិរ្សអ៊ីស្រាអែល និងរណសិរ្សអ៊ុយក្រែន”។
លោកបន្តថា “តែដោយមហាសេដ្ឋីនៅអាមេរិកភាគច្រើន ជាជនជាតិជ្វីវ និងការទាមទារកាន់តែខ្លាំងឡើង ៗនៅអាមេរិក ឲ្យកាត់ជំនួយទៅអ៊ុយក្រែន អាមេរិកត្រូវតែផ្តល់អាទិភាពទៅអ៊ីស្រាអែល ដោយបង្វិលអាវុធយុទ្ធភណ្ឌចាស់ៗ ទៅអ៊ុយក្រែន ថ្មីៗទៅអ៊ីស្រាអែល”។
អតីតរដ្ឋមន្ត្រីព័ត៌មានរូបនេះ បន្តវិភាគថា ជាជញ្ជីងកម្លាំងគឺមិនទាន់ប្រែប្រួលធំទេ នៅសមរភូមិអ៊ុយក្រែន (រុស្ស៊ីប្រើកម្លាំងទ័ពវិជ្ជាជីវៈមួយផ្នែកតូចរបស់ខ្លួន ទល់នឹងកម្លាំងសរុបរបស់អ៊ុយក្រែន រក្សាឃ្លាំងអាវុធសំខាន់របស់ខ្លួនទុកបំរុងសង្គ្រាមធំ ) តែនៅលើផ្នែកសតិអារម្មណ៍ការប្តូរយុទ្ធសាស្ត្រអាមេរិក នឹងមានការប៉ះពាល់ជាអវិជ្ជមានលើកងទ័ពអ៊ុយក្រែន ។ មួយវិញទៀត ការឡើងថ្លៃប្រេងឥន្ធនៈគឺជាខ្យល់អុកស៊ីហ្សែនថ្មីសម្រាប់សេដ្ឋកិច្ចរុស្ស៊ី និងជាសម្ពាធធ្ងន់ទៅលើក្រុមប្រទេសអឺរ៉ុបដែលចង់ប៉ះប៉ូវចន្លោះប្រហោងដែលទុកចោលដោយសហរដ្ឋអាមេរិក ។
សូមរំលឹកថា ប្រទេសរុស្ស៊ី ចាប់ផ្តើមការលុកលុយពេញលេញ លើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកទល់ពេលនេះ មានរយៈពេលជាង១ឆ្នាំកន្លះ ខណៈសង្គ្រាមរវាងក្រុមប្រយុទ្ធហាម៉ាស់ មានជាយូរមកហើយ បើគិតត្រឹមសកម្មភាពវាយប្រហារដោយក្រុមមួយនេះ មិនរាប់បញ្ចូលសង្គ្រាមរ៉ាំរៃជាមួយ ប៉ាឡេស្ទីន បានផ្ទុះសារជាថ្មីកាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ដែលបានបង្កឲ្យជនស៊ីវិល និងសកម្មប្រយុទ្ធរាប់ពាន់នាក់បានបាត់បង់ជីវិត ក្នុងនោះមានពលរដ្ឋខ្មែរ ត្រូវបានទទួលមរណភាព ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះផងដែរ ៕