ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់ ដើម្បីសុវត្ថិភាពផ្នែកចរាចរណ៍ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង មានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ សុវត្ថិភាពចរាចរណ៍ ឲ្យកាន់តែផុសផុលបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងផ្តល់សុខសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ជៀសជាងការផាកពិន័យ ។
ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣នៅថ្ងៃទី១១ ខែតុលានេះ លោក មាន ចាន់យ៉ាដា បានលើកឡើងថា ការលើកកម្ពស់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល និងក្រោយបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ឲ្យមានការអប់រំសុវត្ថិភាពចរាចរណ៍ ដែលនេះ ជាចំណុចមួយដ៏ល្អប្រសើរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរនៅតាមដងផ្លូវ។
លោកអភិបាលរងបានណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវពង្រាយកម្លាំង នៅតាមតំបន់ច្រកចេញចូលសំខាន់ៗ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ ដល់ពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត។
បន្ថែមពីនេះទៀត លោកបានឲ្យដាក់ពង្រាយកម្លាំង ចុះទៅអប់រំ សុវត្ថិភាពចរាចរណ៍ ព្រោះពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ នៅពីថ្ងៃ១២ តុលា ដើម្បីទៅស្រុកកំណើត។
លោកបន្តថា “ចំពោះការចុះអប់រំ ទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំកុំឲ្យដឹកលើសចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានាសុវត្ថិភាព ក្នុងការធ្វើដំណើរ ជាពិសេសបានទៅលេងស្រុកកំណើត ដោយទឹកមុខសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាងនេះទៅទៀត ក្នុងពេលនេះកងកម្លាំង ត្រូវបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានច្រើន ជាងការផាកពិន័យ ដើម្បីបង្កើនការយល់ដឹង ទៅដល់ប្រជាពលរដ្ឋឲ្យកាន់ច្បាស់លាស់” ។
អភិបាលរងក៏បានស្នើសុំថា “សំណូមពរថា សូមបង្កើនវិធានការអប់រំផងដែរ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះប្រជាពលរដ្ឋ គឺចង់ដឹងអំពីច្បាប់ គាត់ធ្វើខុសគឺយើងបង្កើនការអប់រំមិនបានច្រើន យើងផាកពិន័យក្នុងករណីគាត់រឹងរូស ចចេស ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណីទូទៅយើង គួរតែផ្ដល់នូវការអប់រំឲ្យបានច្រើនជាងការផាកពិន័យ ។ នេះជាសំណូមទី១ពាក់ព័ន្ធក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ”។
ក្នុងឱកាសនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើន លើគ្រប់វិស័យ ក្នុងខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ៕