ព័ត៌មានជាតិ

សម្តេចតេជោ នៅតែជាតួរអង្គសំខាន់ ជួយឲ្យមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ

ភ្នំពេញ ៖ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation របស់ប្រទេសជប៉ុន បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន នៅតែជាតួរអង្គសំខាន់ ក្នុងការជួយឲ្យមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក ។

ការបញ្ជាក់របស់ប្រធាន Nippon Foundation បែបនេះធ្វើឡើងក្នុងឱកាសលោក ទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងជំនួបនេះលោក យូហេ សាសាកាវ៉ា ក៏បានស្នើសុំ សម្ដេចតេជោ ជួយចែករំលែក បទពិសោធន៍ដឹកនាំ និងការដោះស្រាយបញ្ហាប្រទេសជាតិ ដ៏ប៉ិនប្រសព្វរបស់សម្ដេច និងសរសេរជាសៀវភៅទុកជាមរតកនៃការដឹកនាំ ។ ទន្ទឹមនឹងនេះ លោក យូហេ សាសាកាវ៉ា ក៏បានលើកពីវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកនៅតែចាត់ទុកថា «សម្តេចតេជោហ៊ុន សែននៅតែជាតួរអង្គសំខាន់ ក្នុងការជួយឲ្យមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃ ការដឹកនាំកម្ពុជាកន្លងមក» ។

សម្រាប់សម្តេចតេជោវិញ ក៏បានចែករំលែកបទពិសោធន៍ នៃការដោះស្រាយបញ្ហាមួយចំនួន ជូនលោកយ៉ូហេ សាសាកាវ៉ា ក្នុងពេលដែលសម្តេច កាន់តំណែង ជានាយករដ្ឋមន្ត្រី ដោយសម្តេចក៏បានលើកឡើងផងដែរ ចំពោះបញ្ហា នៅពេលដែលមីយ៉ាន់ម៉ាកំពុងជួប សម្តេចនៅតែមានបំណងចង់ឃើញ មីយ៉ាន់ម៉ាចាកចេញពីបញ្ហាទាំងឡាយក្លាយ មកជាភាពល្អប្រសើរ ទោះពេលនេះសម្តេច មិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្តី ។

ក្នុងជំនួបនេះសម្ដេចតេជោ និងលោកប្រធាន យូហេ សាសាកាវ៉ា បានឯកភាពគ្នា មានគោលបំណងបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់មីយ៉ាន់ម៉ាផងដែរ ៕

To Top