ព័ត៌មានជាតិ

កម្ពុជា ជាគំរូដ៏ល្អ នៃការដឹកនាំប្រទេស ប្រកបដោយសន្តិភាព និងឯកភាពជាតិ

ភ្នំពេញ ៖ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation បានថ្លែង ដោយសង្កត់ធ្ងន់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំ ប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀត លើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួន កំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។

ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១១ តុលានេះ លោក យ៉ូហេ សាសាកាវ៉ា បានថ្លែងកោតសរសើរ ប្រទេសកម្ពុជា ដែលពីមុនធ្លាប់ ជាប្រទេសរងគ្រោះខ្ទេចខ្ទាំ ដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពី វិនាសកម្មសោកសង្រេង ទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។
លោកថា ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាដើម ។

បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា បានសង្កត់ធ្ងន់ទៀតថា «កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំ ប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀត លើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួន កំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ» ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រ ចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នា របស់លោក យ៉ូហេ សាសាកាវ៉ា និងសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអរគុណ ចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយ មនុស្សធម៌ដល់កម្ពុជា នៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជា ជាច្រើនបានទទួល នូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ ទៅប្រកបរបរចិញ្ចឹមជីវិត ក្នុងជីវភាពជាប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រ ចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ៕

To Top