ព័ត៌មានជាតិ

ទីប្រឹក្សាសេដ្ឋកិច្ចចិន​ ប្ដេជ្ញាស្វែងរកឧស្សាហកម្ម​សក្ដានុពល​ដែលអាចជួយបង្កើន ទំហំសេដ្ឋកិច្ចកម្ពុជា​

ភ្នំពេញ​ ៖​ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន ប្រចាំកម្ពុជា​ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសស្វែងរកឧស្សាហកម្មសក្ដានុពល​ ដែលអាចជួយបង្កើនទំហំសេដ្ឋកិច្ចរបស់កម្ពុជា​ បានកាន់តែប្រសើរ។

លោកស្រី Zhong Jie បានលេីកឡេីងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សាការងារនេះ លោក​ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅរាល់ការសហការវិនិយោគរវាងកម្ពុជា-ចិន និងបានឆ្លៀតឱកាសនេះជម្រាបជូនអំពីគម្រោងអាទិភាពមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជារួមមានគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ “ព្រែកជីកហ្វូណនតេជោ” គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្តហោះថ្មីខេត្តសៀមរាបទៅក្រុងសៀមរាប គ្រោងសិក្សាលើហេដ្ឋានរចនាសម្ព័ន្ធរថភ្លើងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញជាប្រភេទ Metro, Automated Guideway Transit ឬប្រភេទ Monorail ជាដើម ហើយក្នុងនោះគម្រោងច្រករបៀងមច្ឆានិងអង្ករ ក៏ជាគម្រោងអាទិភាពសំខាន់របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះផងដែរ។

លោក​ ឧបនាយករដ្ឋមន្ត្រី បានជជែកស៊ីជម្រៅលើគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងផ្ដល់ជូននូវអត្ថប្រយោជន៍យ៉ាងធំធេងមិនត្រឹមតែសម្រាប់កម្ពុជា និងប្រជាពលរដ្ឋកម្ពុជាប៉ុនោះទេ ប៉ុន្តែក៏នឹងផ្ដល់អត្ថប្រយោជន៍ល្អប្រសើរសម្រាប់វិនិយោគិនដែលបណ្ដាក់ទុនលើគម្រោងនេះផងដែរ។

លើកឡើងក្នុងឱកាសនេះ លោកស្រី Zhong Jie បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសលើការស្វែងរកឧស្សាហកម្មសក្កានុពលដែលអាចជួយបង្កើនទំហំសេដ្ឋកិច្ចរបស់កម្ពុជាបានកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នេះ រាប់បញ្ជូលទាំងកិច្ចសហការលើសេដ្ឋកិច្ចឌីជីថល និងពិសេសចំពោះគម្រោងដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនខាងលើ៕

To Top