ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំអាជ្ញាធរមូលដ្ឋាន លុបបំបាត់ការផ្ដល់សេវាសុខាភិបាល គ្មានការអនុញ្ញាត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមទប់ស្កាត់ ឬលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង ហើយសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឲ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ តុលា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល របស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការ ប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្រសួងបន្ដថា ដើម្បីឈានទៅលុបបំបាត់ នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរពហុព្យាបាល ត្រូវគោរពឲ្យបានហ្មត់ចត់ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬ បំភ្លៃការពិត។

ក្រសួងបន្ថែមថា គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ពាក់ព័ន្ធ ស្របតាមសមត្ថកិច្ចរបស់ខ្លួន។

ក្រសួងគូសបញ្ជាក់ថា «អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្តចូលរួមណែនាំទប់ស្កាត់ រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្ម ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រ ច្បាស់លាស់បំផ្លើសខុស ពីការពិតធ្វើឲ្យមានការយល់ ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ»៕

To Top