ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ សិទ្ធិមនុស្ស ជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សា របស់ UN នាទីក្រុងហ្សឺណែវ

ភ្នំពេញ ៖ គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។

យោងតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។

គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។

ប្រភព ដដែល បន្ដថា កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។

គណប្រតិភូ បានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្ដួចផ្ដើមកម្មវិធីគាំពារសង្គមជាច្រើន រួម ។ ទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

To Top