ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាថ្ងៃទី១២ តុលានេះ បានអញ្ជើញទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ និងមានស្តង់លក់ដូរចំនួន៦០០០ស្តង់។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ឃួង ស្រេង បានលើកឡើងថា ការវិនិយោគសាងសង់ទីផ្សារ ដ៏មានសក្តានុពលនេះ គឺជាអ្វីដែលរាជធានីភ្នំពេញចង់បាន។ ផ្សារនេះដំណើរការសាងសង់ នៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន គឺជាផ្សារធំជាងគេនៅភ្នំពេញ ។
លោកអភិបាលបន្តថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករ ពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរ ដែលបង្កឲ្យបាត់សណ្តាប់ធ្នាប់។
លោក ឃួង ស្រេង បន្តទៀតថា ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗ ជាចំណុចកណ្តាល នៃការចែកចាយទំនិញ ហើយប្រទេសជិតខាង ពិសេសអ្នកវិនិយោគមកពីប្រទេសចិន អាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងមកលក់ ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុន នឹងមិនយកថ្លៃស្តង់រយៈពេល២ឆ្នាំ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបានបញ្ជាក់ថា នេះជាការបង្ហាញ ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ នៃយុទ្ធសាស្ត្រ ត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។
យោងតាមតំណាង សមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី បានបញ្ជាក់ថា អាជីវករកម្ពុជា អាចមកចុះឈ្មោះ ចាប់ពីពេលនេះបាន ដោយត្រូវធ្វើកុងត្រា ៥ឆ្នាំ ក្នុង២ឆ្នាំដំបូងពុំមានការបង់ប្រាក់នោះទេ៕