ព័ត៌មានជាតិ

កម្ពុជា-ថៃ បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ បន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យភាគីថៃបន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើសដែលកើតមានឡើងរវាងប្រទេសទាំងពីរឱ្យទទួលបានជោគជ័យបន្ថែមទៀត។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អរគុណភាគីថៃដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើសដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។

លើសពីនេះ ភាគីកម្ពុជា ក៏ជំរុញឱ្យភាគីថៃបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ដែលបញ្ជូនត្រឡប់មកកម្ពុជាវិញ សូមបញ្ជូនមកវិញជាដំណាក់កាលៗដោយមានការយោគយល់ និងគោរពសិទ្ធិមនុស្ស៕

To Top