ព័ត៌មានជាតិ

ពលករ និងពលរដ្ឋខ្មែរ រួមគ្នាជាមួយមន្ត្រីរាជការ ប្រារព្ឋពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងអធិកអធមនៅ​កូរ៉េខាងត្បូង

សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈរដ្ឋកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយបងប្អូនពលករនៅទីនោះតាមប្រពៃណី។
លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងបាននិងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន៨ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមានពលករខ្មែរយ៉ាងច្រើនកុះករប្រមាណជិត៧ពាន់នាក់បានចូលរួម ។ ពលករខ្មែរនៅកូរ៉េខាងត្បូងបានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នេះចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា ឆ្នាំ២០២៣នេះ។


លោកថា៖ «ភាគច្រើនបងប្អូនពលកររបស់យើងនៅកូរ៉េខាងត្បូងនេះ អ្នកខ្លះបានចូលរួមប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌនៅតាមទីតាំងដែលនៅក្បែរកន្លែងធ្វើការរបស់ពួកគេផ្ទាល់។ ដោយឡែកអ្នកខ្លះទៀតចូលចិត្តទៅធ្វើបុណ្យនៅតាមវត្តខ្មែរនានានៅកូរ៉េខាងត្បូងនេះតែម្តង» ។


លោកលើកឡើងថា ក្រៅពីការប្រារព្ឋពិធី កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។ ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់អោយឃើញពីការសាមគ្គីគ្នា ស្រលាញ់គ្នា សហការគ្នា របស់បងប្អូនពលករខ្មែរប្រចាំសាធារណៈកូរ៉េ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង៕

សាធារណរដ្ឋកូរ៉េ

To Top