ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា មិនទុក​និស្សិត​ខ្មែរ​ នៅ​អ៊ីស្រាអែល​ចោលនោះទេ

" "

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនសារធារណៈជន ជាពិសេសក្រុមគ្រួសារសាច់ញាតិ របស់ពលរដ្ឋខ្មែរ ក៏ដូចជានិស្សិតខ្មែរ ដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៉ីស្រាអែលថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកប្អូនៗចោលនោះទេ ។

យោងតាមសារសំឡេង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញតេឡេក្រាម នាថ្ងៃ១៤តុលានេះ​បាន​ឱ្យ​ដឹង​ថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ មាននិស្សិតខ្មែរ ដែលមានវត្តមាន នៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារតឹងរ៉ឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ នឹងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋាន ដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ”។

" "

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា “រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ នៅរាល់ការវិវត្តនៃសភាពការណ៍ នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាព របស់ប្អូនៗទាំងយប់ទាំងថ្ងៃចាប់តាំងពីស្ថានការណ៍ផ្ទុះឡើង កាលពីថ្ងៃទី៧តុលា គឺមួយសប្តាហ៍មុននេះ” ។

" "

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដោយសារស្ថានភាពភាព វិវត្តប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅតំបន់កាហ្សា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារៈកិច្ច ឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនៅទីកន្លែងសុវត្ថិភាព បណ្តោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសសហ្សកឌិន ដែលមានចម្ងាយជិត៣០០គីឡូម៉ែត្រ ពីតំបន់កាហ្សា”។

សម្តេចធិបតី បន្តថា “ចំពោះប្អូនៗនិស្សិត ដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ និងហេតុការណ៍មួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាល បានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវ លើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ” ។

សម្តេចបានឲ្យដឹងថា “ចំពោះប្អូនប្អូននិស្សិត ដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែង ទៅកាន់កន្លែងសុវត្ថិភាពបណ្តោះអាសន្ននោះ គឺសុំឲ្យពួកគាត់ចុះឈ្មោះ តាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្ត របស់ឪពុកគាត់ ជាលទ្ធផល គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៤តុលា ឆ្នាំ២០២៣ ម៉ោងនៅប្រទេសកម្ពុជា ដែលត្រូវនឹងម៉ោង៧ព្រឹក នៅប្រទេសអ៊ីស្រាអែល មានប្អូនៗនិស្សិតចំនួន៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនប្អូន ទាំង៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ និងធ្វើការជាធម្មតា នឹងគិតថាមិនទាន់មានការចាំបាច់ សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែង សុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជូននោះទេ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ខ្ញុំសូមអំពាវនាវសាជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗនិស្សិតសូមគោរព ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ សូមប្អូនៗមានលំនឹងក្នុងចិត្តថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយអាជ្ញាធរអ៊ីស្រាអែល”៕

To Top