ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នេះ បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា នៅខណៈនេះ ស្ថិតក្នុងទឹកមុខស្រពាប់ស្រពោនក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី ១១ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។

ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ទូលព្រះបង្គំ ព្រះករុណា ខ្ញុំ រួមជាមួយ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ ៕

By. Kizona

To Top