ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបន្ដសម័យប្រជុំ លើកទី១១ ដើម្បីពិនិត្យលើ សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា បានឲ្យដឹងថា នៅថ្ងៃទី១៦ តុលានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី១៧ តុលា ដើម្បីបន្តសម័យប្រជុំ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕


