ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្ម ជាលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ក្នុងការលើកស្ទួយអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន។
អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រ និង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប បានបើកសាកល្បងកាលពីពេលថ្មីៗនេះ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ (SAI) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាល នៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោកឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត មានប្រសាសន៍ថា «ជាការពិតណាស់ ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្ម ដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ»។
លោកឧបនាយករដ្ឋមន្ដ្រីថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧,០០.០៦ ហិកតា និងបម្រុងដីប្រមាណ ១,០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឲ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានលើកឡើងថា ទោះបីកម្ពុជា ងើបចេញពីវិបត្តិកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចសកល នៅមានភាពផុយស្រួយ ដោយប្រឈមនូវភាពស្មុគស្មាញជាបន្ដបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេស នៃការកើនឡើងនូវភាពតានតឹងភូមិសាស្ដ្រនយោបាយ ការធ្លាកចុះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាដើម ហើយបញ្ហាទាំងនេះ បានឆ្លុះបញ្ចាំង នៃការបន្ដខិតខំប្រឹងប្រែង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្ដរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ មានចំណតសម្រាប់ចតអាកាសយាន ចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០ ខាងមុខនេះ៕