ព័ត៌មានជាតិ

ថ្នាក់ដឹកនាំធនាគារចិន​ ជឿជាក់ថា​ វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ

ភ្នំពេញ​ ៖​ ថ្នាក់ដឹកនាំធនាគារចិនគ្រុប​ BOC Group បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល។

លោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” បានលេីកឡេីងបែបនេះ​ ក្នុងជំនួបពិភាក្សាការងារជាមួយ​ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ ក្នុងឱកាស​ សម្ដេចធិបតី​ អញ្ជេីញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងជំនួបនេះ លោក កឺ ហាយជែវ ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោង នៃដំណើរទស្សនកិច្ច របស់លោកមកកាន់ ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែប របស់ធនាគារចិនគ្រុប ។

មួយវិញទៀត ថ្នាក់ដឹកនាំរបស់ធនាគារចិនគ្រុប បានថ្លែងនូវការកោតសសើរ ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញ នូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេសនៅក្នុងយុគសម័យ នៃសេដ្ឋកិច្ចឌីជីថលនេះ ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បានសម្តែងនូវក្តីរីករាយស្វាគមន៍ ចំពោះជំនួបជាមួយថ្នាក់នាំ របស់ធនាគារចិន គ្រុប នាឱកាសនេះ និងបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះរបាយការណ៍ អំពីប្រតិបត្តិការ អាជីវកម្ម ព្រមជាមួយនឹងការអបអរសាទរ ចំពោះជោគជ័យរបស់ធនាគារចិន គ្រុបនៅក្នុងប្រទេសចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ ។

យោងទៅលើសមិទ្ធផលរីកចម្រើន ដែលទទួលបានពីប្រតិបត្តិការ អាជីវកម្មក្នុងរយៈពេលជាង ១០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា, សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសំខាន់របស់ធនាគារចិនគ្រុប នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញ ពាណិជ្ជកម្មកម្ពុជា-ចិន ដូចដែលឆ្លុះបញ្ចាំង តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏សកម្មរវាងប្រជាជន និងប្រជាជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលពិតជាបានចូលរួមចំណែកមិនអាចខ្វះបាន ដល់កំណើននៃវិស័យទេសចរណ៍ ។

ជាងនេះទៀត សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធហិរញវត្ថុ នៃប្រទេសទាំងពីរ ដែលបានសម្រួល ដល់ការទូទាត់សងប្រាក់ឆ្លងដែន រវាងប្រាក់រៀល និង ប្រាក់យ័ន ដែលចូលរួមចំណែកដល់ការ លើកកម្ពស់ការប្រើប្រាស់ រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន ជាដើម ៕
 

To Top