ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជិត៦ម៉ឺននាក់ បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយបានប្រើប្រាស់រថយន្តក្រុង រហូតដល់ជាង១៥០០ជើង ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៦ ខែតុលានេះថា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ចំនួន០៥ថ្ងៃ ដោយមិនបង់ប្រាក់ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងរយៈពេលនេះ មានបងប្អូនជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវា ការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដោយយើងបានប្រើប្រាស់ រថយន្តក្រុងជាង១៥០០ជើង។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា បងប្អូនដែល បានប្រើប្រាស់រថយន្តក្រុង ដើម្បីទៅស្រុកកំណើត ច្រើនជាងគេ គឺបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីកម្មការិនី នៅសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានចំនួនដល់ម៉ឺននាក់។ ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ នេះមានផលប្រយោជន៍ច្រើន សម្រាប់ពួកគាត់ ដែលក្នុងនោះពួកគាត់មិនបានចំណាយលុយកាក់ លើសេវានេះ និងរក្សាបាននៅសុខសុវត្ថិភាពថែមទៀត។
សូមរំលឹកថា ពាក់ព័ន្ធនឹងការដឹកជញ្ជូន ដោយរថយន្តក្រុងមិនយកប្រាក់នេះដែរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការិនីសម្ដែងនូវការរីករាយក្នុងចិត្ត និងបានអរគុណបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ដោយប្រើប្រាស់ រថយន្តដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) ដឹកបញ្ជូនទៅស្រុកកំណើត ដោយមិនយកប្រាក់៕