ព័ត៌មានជាតិ

ក្រុមហ៊ុន CMEC​ ចិន គ្រោងទម្លាក់ថវិកា៣ពាន់លានដុល្លារអាមេរិក វិនិយោគ លើវិស័យថាពលហ្គាសនៅកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានប្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២៣នេះ ថា​ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុននឹងសហការវិនិយោគរួម ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ​ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស ។នេះបេីយោងតាមខ្លឹមសារពីតេឡេក្រាម របស់សម្តេចធិបតី ។

សូមរំលឹកថា ក្រុមហ៊ុន CMEC​ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគ ក្នុងគម្រោងជាច្រើននៅកម្ពុជា ។

លោក វ័ង ប៉ូ (Wang Bo)​ បានលើកឡើងថា “ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួម ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស” ។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា​ ពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះ ក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្ត សម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវក្តីរីករាយសាទរ​ ចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា និងបានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀត​ របស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

To Top