ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយលោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និង មន្រ្តីអធិការកិច្ចការងារ បានអញ្ជើញចុះពិនិត្យ ដោយផ្ទាល់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១០ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រចំនួន៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់) ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-56-45-1024x768.jpg)
ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ លោក គុយ រតនា បានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសំដែងការ ចូលរួមសោកស្តាយ ចំពោះផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។
លោករដ្ឋលេខាធិការ បានទទួលយកសំណូមពររបស់រោងចក្រ សហគ្រាស ដែលបានស្នើសុំដល់អាជ្ញាធរក្នុងការជួយពន្លឿនបង្ហូរទឹកចេញ និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-56-49-1024x768.jpg)
ទន្ទឹមនេះ លោកក៏បានស្នើសុំដល់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។
ដោយឡែក ចំពោះកម្មករ និយោជិត ដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានជូនដំណឹង ដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-56-53-1024x577.jpg)
ចំណែករោងចក្រចំនួន៤ នៅក្នុងខណ្ឌកំបូល ជំនន់ទឹកភ្លៀង មិនប៉ះពាល់ដល់សង្វាក់ផលិតកម្មឡើយ ដោយរោងចក្រ សហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាតរួចរាល់ ៕
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-56-57-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-57-01-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-57-05-997x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-57-08-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-57-12-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-17_18-57-16-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)