ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ។

ការបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឲ្យលោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” កាលពីថ្ងៃទី១៧ តុលា នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនេះ លោកស្រី វិន ជែ បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់កិត្តិយសចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជា លើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកល តាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

លោកស្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹង កោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។
លោកស្រី ក៏បានបន្តថា ក្រុមហ៊ុនបានដាក់លក់ផងដែរ នូវផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាល តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិន ប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះ ទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំ កើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។
ជាមួយគ្នា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយ សម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕
