ភ្នំពេញ ៖ ក្នុងរយៈពេលជាង១០ថ្ងៃដែលខេត្តមួយចំនួនរបស់កម្ពុជា បាននិងកំពុងទទួលរងជំនន់ទឹកភ្លៀងធ្វើឲ្យប្រជាជន៣នាក់ស្លាប់បាត់បង់ជីវិត ។
មនុស្សទាំង៣នាក់ដែលបានស្លាប់នេះសុទ្ធតែជាកុមារី រស់នៅខេត្តបន្ទាយមានជ័យ ។
ពួកគេស្លាប់ដោយសារទៅលេងទឹកប្រឡាយ។ នេះបើតាមរបាយការណ៍របស់លោក បុត្រ គឹមមុនី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គិតពីថ្ងៃ៦-១៦តុលា)ផ្តល់មកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ១៨ តុលា ។
ចំពោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ មានខេត្តចំនួន១១ និង៥៩ក្រុង-ស្រុក ព្រមទាំង២៣០ឃុំ-សង្កាត់ ។
ខេត្តទាំង១១នោះរួមមាន ៖ សៀមរាប កំពង់ធំ ពោធិ៍សាត់ បាត់ដំបង់ ព្រះវិហារ កណ្តាល ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ប៉ៃលិន និងបន្ទាយមានជ័យ។
ក្នុងនោះរបាយការណ៍របស់លោកអ្នកនាំពាក្យបានឲ្យដឹងទៀតថា ប្រជាជនជម្លៀសចំនួន១,៩៣២គ្រួសារ , ផ្ទះសម្បែងប៉ះពាល់២៥,២៨៧ខ្នង ,ផ្លួវប៉ះពាល់៤១៩,៥៤២ម៉ែត្រ , ស្រូវប៉ះពាល់៣០,២៥៨ហិកតា និងស្រូវខូចខាត៣,៣៤២ហិកតា ។
ដោយឡែក ចំពោះស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ លោក បុត្រ គឹមមុនីបានប្រាប់ថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៧ តុលា កម្រិតទឹកបានបន្តស្រុកបន្ថែមទៀត ៕