ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការ យកសត្វស្វាចេញពីមូលដ្ឋានរបស់ខ្លួន ដោយសារតែវាបានយាយី រំខានដល់ការរស់ នៅរបស់ពួកគេ។
ការស្នើរសុំរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានី នៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ។
ក្នុងវេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើង ជាច្រើនចំណុចឲ្យស្វែងរកដំណោះស្រាយ ចំពោះក្រុមហ៊ុនឯកជន ខួងដី នាំឲ្យស្រុតផ្ទះ និងមិនអនុវត្តតាមកិច្ចសន្យា និងមានសំណូមពរកុំឲ្យយកលុយថ្លៃសំរាម នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ ជួយគាំទ្រផលិតផលខ្មែរដូចគ្នា ជាពិសេសនោះ ស្នើឲ្យចាត់វិធានការ យកសត្វស្វាចេញឲ្យអស់ពីមូលដ្ឋានខ្លួន ដោយសារតែវាបានយាយី រំខានដល់ការរស់នៅ របស់ពួកគាត់រាល់ថ្ងៃ និងចាតវិធានការ ចំពោះចោរលួចទូរស័ព្ទ នៅក្នុងមន្ទីរពេទ្យផងដែរ ។
ក្រោយស្តាប់សំណូមពរ ប្រជាពលរដ្ឋ លោក សុខ ពេញវុធ បានឲ្យដឹងចំនួនប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ មានចំនួន៨នាក់ ស្នើនិង១៥បញ្ហា និងជាលាយល័ក្សអក្សរចំនួន៤០បញ្ហា ។ ចំពោះសំណើរនិងសំណូមពរផ្ទាល់មាត់ ចំនួន៨នាក់ស្នើ និង១៥បញ្ហានេះ លោកអភិបាលរង បានបញ្ជាក់ថា បានដោះស្រាយបញ្ចាប់រួចរាល់ ។
ចំពោះសំណើរជាលាយល័ក្សអក្សរ ចំនួន៤០បញ្ហា ត្រូវបានលោកអភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា នឹងបញ្ចូលទៅក្នុងគម្រោងផែនការ អភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។
តាមការបញ្ជាក់របស់លោក ជួប ខុន បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិង សំណើ របស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម ៕