ព័ត៌មានជាតិ

លោក ស៊ី ជីនពីង និងលោក ​ពូទីន ​​ឯកភាពគ្នា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង បញ្ហា​អ៊ុយក្រែន និងមជ្ឈិមបូព៌ា

Kyodo

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាង​ថា ការរួបរួមរបស់ពួកគេប្រឆាំងនឹង “ការគំរាមកំហែងទូទៅ” ដូចដែលពួកគេបានជួបនៅទីក្រុងប៉េកាំង ដោយមេដឹកនាំទាំងពីរក៏ពិភាក្សាអំពី សង្គ្រាមរបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងបែបនេះ “ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែរឹងមាំ” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះសម្ពាធពីជំរុំលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សារយៈពេល បីម៉ោងរបស់គាត់ជាមួយលោក ស៊ី នៅរដ្ឋធានីចិន នៅខាងក្រៅវេទិកាហេដ្ឋារចនាសម្ព័ន្ធ។

ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក ស៊ី និងលោក ពូទីន មាន “ការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ” ស្តីពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។

ដំណើរ​ទស្សនកិច្ច​នេះ​ជា​លើក​ដំបូង​របស់​លោក ​ពូទីន ​ទៅ​កាន់​ប្រទេស​ចិន ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​មុន។ ចិន ​ដែល​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​លោកខាងលិច ​លើ​ក្រុង​ម៉ូស្គូ​ជុំវិញ​សង្រ្គាម​អ៊ុយក្រែន។

លោក ស៊ី បានសម្តែងការគាំទ្រ ចំពោះប្រជាជនរុស្ស៊ី ក្នុងជម្រើសរបស់ពួកគេ ដើម្បីការពារ “អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍” របស់ប្រទេស ខណៈដែលលោក ពូទីន បានលើកឡើងថា ទីក្រុងម៉ូស្គូ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការធានាបូរណភាពទឹកដី ដោយចាត់ទុកតៃវ៉ាន់ជា “ផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃ​ទឹកដី​ចិន​”​។

មេដឹកនាំចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ភាពជាដៃគូទ្វេភាគី “ជាមួយនឹងភាពជាអ្នកជិតខាងល្អយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែល មានផលប្រយោជន៍ទៅវិញទៅមក” គឺជាការប្តេជ្ញាចិត្តយូរអង្វែង របស់ប្រទេសរបស់គាត់។

ក្រសួងបានឲ្យដឹងផងដែរថា គាត់ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិន ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ក្នុងការធានាសន្តិសុខស្បៀង សន្តិសុខថាមពល និងស្ថិរភាពឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top