ព័ត៌មានជាតិ

ឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ពាក់ព័ន្ធកិច្ចប្រតិបត្តិការទេសចរណ៍ត្រីភាគី

ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។

ការគាំទ្រនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយសម្តេចធិបតី ក្រោយឆ្លៀតឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ចំពោះសម្តេចធិបតី បានអះអាងថា ចំពោះទិសដៅទៅមុខនឹងគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនិងបានលើកឡើងនូវគំនិតផ្តួចផ្តើម មួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។

ជារួម ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”

To Top