កណ្ដាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧបនាយកដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ចំនួន ៤រូប ។

ឥស្សរជនជ័យលាភីរួមមាន ៖ លោក ឡូយ សុផាត , លោក យូ ស៊ុនឡុង , នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ។

ក្នុងពិធីនេះ នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ពីដំណើរពិនិត្យ និងវាយតម្លៃក្នុងការជ្រើសរើសបេក្ខជនជ័យលាភីសញ្ញាបត្របណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យ ចំនួន៩ ប្រកបដោយតម្លាភាព និងសុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង ៤រូប ដែលបង្ហាញអំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធន៍ ការចូលរួមអភិវឌ្ឍសង្គមជាតិ និងសមត្ថភាពដឹកនាំបញ្ជាក្នុងវិស័យសន្តិសុខ អស់រយៈកាលជាង៤០ឆ្នាំ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនេះដែរ លោកឧបនាយកដ្ឋមន្រ្តី ស សុខា បានអបអរសាទរចំពោះជ័យលាភី«បណ្ឌិតកិត្តិយស»និងគោរមងារ «សន្តិបណ្ឌិត» ទាំង៤រូប ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មការវាយតម្លៃលក្ខណសម្បត្តិ និងស្នាដៃរបស់បេក្ខជនទាំងថ្នាក់ជាតិនិងអន្តរជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំរៀបចំនិងចាត់ចែងឲ្យមានព្រឹត្តិការណ៍នេះកើតមានឡើង ដើម្បីជាការផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំដែលមានស្នាដៃឆ្នើមនិងមានគុណសម្បត្តិចំពោះជាតិ និងមាតុភូមិ៕




