ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញ ពិនិត្យ និងផ្តល់សម្ភារ: ដើម្បី ជម្រុញ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម

By. Kizona

កំពង់ចាម ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២៣ នេះ បានអញ្ជើញពិនិត្យ និងនាំមកសម្ភារៈមួយចំនួន ផ្ដល់ជូនអង្គភាពមន្ទីររៀបចំដែនដីនគរូរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ដើម្បីជំរុញការចុះបញ្ជីដីធ្លីបង្ហើយ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

វិធីពិនិត្យ និងជំរុញ ដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានថ្លែងក្នុងឱកាសនោះថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ គឺជាអាណត្តិដឹកនាំ បន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ។ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗ ដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគត គឺធ្វើយ៉ាងណា ឲ្យឬសកែវ នៃដួងព្រលឹងជាតិ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ការចុះបញ្ជីដីធ្លី គឺជាការផ្តល់នូវ សិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យ ស្របច្បាប់ ដល់ប្រជាពលរដ្ឋរបស់យើង ។ ហើយការងារវាស់វែង ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានអតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំធ្វើឡើងតាំពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យ ជូនប្រជាពលរដ្ឋ លើកទី ១ ។ ដូច្នេះពីឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ២០២៣ នេះ វានឹងឈានទៅខួបលើកទី ៤០ នៃការចេញបានកម្មសិទ្ធិដីធ្លី របស់មន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា មុននឹងឈានដល់ខួបលើកទី ៤០ នៃការចេញបាញ់កម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីបង្ហើយការងារ ចុះបញ្ជីដីធ្លី ក្នុងខេត្តកំពង់ចាម ឲ្យចប់សព្វគ្រប់បានឆាប់រហ័ស ៕

To Top