ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើឥស្សរជនទទួលគោរមងារ «សន្តិបណ្ឌិត» ចែករំលែកបទពិសោធន៍ ដល់នគរបាលបន្តវេន

កណ្ដាល៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឥស្សរជនដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។

ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជន ចំនួន ៤រូប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា «សូមផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យពិនិត្យលទ្ធភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់ ១៧រូប ដែលបានទទួលគោរពងារ សន្តិបណ្ឌិត តាមកាលវេលាស្របនឹងកម្មវិធីសិក្សា របស់បណ្ឌិត្យសភានគរបាលកម្ពុជា»។

លោកឧបនាយករដ្ឋមន្ត្រីចាត់ទុកការទទួលបានគោរពងារ «សន្តិបណ្ឌិត» របស់ឥស្សរជនទាំងកន្លងទៅនិងពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំ ពោរពេញដោយបទពិសោធន៍ និងការលះបង់ ដោយបានចូលរួមបំពេញភារកិច្ចស្នូល របស់ក្រសួងមហាផ្ទៃតាំងថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មក មិនតិចជាង ៤០ឆ្នាំនោះទេ ក្នុងនាមជានគរបាលជាតិ។ ក្នុងន័យផ្ដល់កិត្តិយស និងតបស្នងចំពោះវីរភាព នៃការបម្រើជាតិមាតុភូមិ ក្នុងក្របខ័ណ្ឌនគរបាលជាតិនេះ បានជំរុញឲ្យបន្តសិក្សាលើឥស្សរជនដទៃទៀត ដើម្បីវាយតម្លៃផ្ដល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្តថ្នាក់ដឹកនាំ របស់ក្រសួងតាមរយៈរូបភាពផ្សេងៗ ហើយនៅពេលនេះ ក្រសួងបានផ្ដល់ការលើកទឹកចិត្ត តាមរូបភាពថ្មីមួយទៀត គឺការសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស និងការផ្ដល់គោរមងារសន្តិបណ្ឌិត ដល់ឥស្សរជននិងថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃចំនួន៤រូប ដែលជាផ្នែកមួយនៃគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ ក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការលើកទឹកចិត្ត ផ្តល់កិត្តិយស និងផ្ដល់តម្លៃតបស្នង​បានស័ក្ដិសម ចំពោះឥស្សរជនដែលមានសមត្ថភាព បទពិសោធន៍ ទេពកោសល្យ និងស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចនិងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

To Top