ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ខណៈកម្ពុជានឹងបន្តមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅតំបន់មួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ខណៈកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ ចាប់ពីថ្ងៃទី២០ដល់២៣តុលា។

តាមរយៈសេចក្ដីជូនអំពីស្ថានភាពធាតុអាកាស នៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រ នៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់ គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុង កម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់ មកលើប្រទេសកម្ពុជាទេ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ លើសពីនេះ ខ្យល់មូសុងនិរតី បានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ ប្រការនេះបណ្តាលឱ្យមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។សូមប្រជាពលរដ្ឋ នៅតំបន់មួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

To Top