ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១២ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១៤១នាក់ ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះអ្នកសម្ភាសជាប់ ស្ថាពរមានចំនួន១៤នាក់និង១២៧ នាក់ ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តនៅក្រុមហ៊ុន នាពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុនទាំងបួន ដែលនឹងចូលរួមក្នុងវេទិកា ការងារម្សិលមិញនេះរួមមាន៖ ផ្សារទំនើប AEON Mall ផ្សារទំនើប ម៉ាក្រូ ក្រុមហ៊ុន CHIP MONG និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។

កញ្ញា កែ ស្រីម៉ី ជានិស្សិតឆ្នាំទី៣ ជំនាញផ្នែកពាណិជ្ជកម្ម និងពាណិជ្ជសាស្ត្រ បានសម្ភាសជាប់ការងារផ្នែកគិតលុយ នៅផ្សារទំនើប AEON Mall បានលើកឡើងថាកញ្ញា ពិតជាសប្បាយរីករាយ ក្រោយទទួលបាន ព័ត៌មានភ្លាមៗ ថាបានជាប់ការងារនៅផ្សារទំនើប AEON ហើយពិតជារំភើបណាស់ដែលជាប់ការងារ ក្នុងក្រុមហ៊ុនក្នុងក្តីស្រមៃ។ សូមអរគុណចំពោះ NEA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំវេទិការ នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជន ដែលកំពុងសិក្សា។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួម ក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


