ព័ត៌មានជាតិ

លោក សួស យ៉ារ៉ា៖ គម្រោងវិនិយោគ២៧ របស់វៀតណាម នៅតំបន់ត្រីកោណសព្វថ្ងៃ ដំណើរការបានតែ ១០គម្រោងប៉ុណ្ណោះ

រូបភាព៖ រដ្ឋសភា

ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអះអាងថា គម្រោងវិនិយោគចំនួន២៧គម្រោង របស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណសព្វថ្ងៃនេះ(កម្ពុជា-ឡាវ-វៀតណាម) ដំណើរការបានតែ១០គម្រោងប៉ុណ្ណោះ។ នេះបើយោងតាមរដ្ឋសភាកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា រវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV)នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់ដែល គួរពិចារណាលើការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ តំបន់ត្រីកោណលើយន្តការនៃការទូទាត់ប្រាក់ ដើម្បីជួយសម្រួល ពាណិជ្ជកម្មឆ្លងដែន ក្នុងតំបន់ត្រីកោណ លើកទឹកចិត្តបង្កើតផ្សារនៅតាមព្រំដែន ដើម្បីជម្រុញពាណិជ្ជកម្ម ដោយមិនភ្លេចទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនឲ្យបានដាច់ខាត។

លោកបញ្ជាក់ថា «ចំពោះគម្រោងវិនិយោគចំនួន២៧គម្រោង របស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណសព្វថ្ងៃនេះ ដំណើរការបានតែ១០គម្រោងប៉ុណ្ណោះ និងគម្រោងវិនិយោគវារីអគ្គិសនីសេសាន២ ក្នុងទំហំទឹកប្រាក់៨០០លានដុល្លារ និងគម្រោងទឹកស្អាតដែលជា ជំនួយឥតសំណងរបស់ធនាគារADB»។

ជំនួបពិភាក្សានោះដែរ លោក វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានឯកភាពនឹងការលើកឡើងរបស់ លោក សួស យ៉ារ៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការអភិវឌ្ឍមណ្ឌលសុខភាព ក្នុងតំបន់ត្រីកោណ ព្រមទាំងជួយជម្រុញឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើង និងស្របគ្នាក្នុងប្រទេសទាំងបី។

ចំណែកឯ លោក Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកសង្កេតឃើញរោងចក្រកែច្នៃផ្លែឈើដ៏ល្អ ស្តង់ដារអន្តរជាតិ នេះជាគំរូមួយសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ចំពោះការវិនិយោគពីភាគីវៀតណាម លោកយល់ឃើញថា ភាគីកម្ពុជា ក៏ដូចជាភាគីឡាវ តែងតែបើកចំហ និងជួយសម្រួល ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការវិនិយោគលើវិស័យកសិកម្ម នៅក្នុងតំបន់ត្រីកោណ ។

ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលខេត្តទាំង៤ របស់កម្ពុជា ក្នុងតំបន់ត្រីកោណ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានចុះទៅពិនិត្យមើលស្ថានីយ៍ផលិតទឹកស្អាត នៅខេត្តស្ទឹងត្រែងដែលបានចំណាយទុន វិនិយោគ១៣លានដុល្លារ ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទំបន់វារីអគ្គិសនីសេសាន២ ដែលបានចំណាយទុនវិនិយោគចិន ៨០០លានដុល្លារក្នុងទម្រង់ BOT និងផលិតអគ្គិសនីបាន៤០០មេហ្កាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងបញ្ជូនមួយភាគតូចទៅខេត្តរតនគិរីផងដែរ ៕

To Top