ព័ត៌មានជាតិ

លោក ឡាវ វ៉ាន់ អញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតអាហារូបករណ៍ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (និស្សិត អ.ម.ត)  និងនិស្សិតខ្មែរកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំងចំនួន ៩០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសចិន។

លោកតែងចាត់ទុកស្ថានភាពជាក់ស្តែងរបស់និស្សិតកម្ពុជានៅប្រទេសចិន គឺជាគោលដៅអាទិភាពនៅក្នុងផែនការសកម្មភាពរបស់ក្រុមការងារ។ ឆ្លៀតក្នុងពេលទទួលទានអាហារពេលល្ងាចរួមគ្នាជាមួយនិស្សិតកម្ពុជា លោកបានគាំទ្រឆន្ទៈនិស្សិតកម្ពុជាទាំងអស់ដែលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព ជាធ្លុងមួយក្នុងន័យថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ ជាមួយគ្នាផងដែរ និស្សិតក៏បានប្រេីប្រាស់ឱកាសនេះជាវេទិកាពិភាក្សាយ៉ាងស្និទ្ធស្នាលនិងកក់ក្តៅ ដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញ បរិយាកាសសិក្សា និងការរស់នៅ​ ព្រមទាំងចូលរួមចែករំលែកដំណោះស្រាយទុកជាបទពិសោធន៍សម្រាប់មិត្តនិស្សិតដទៃទៀតផងដែរ។

បន្ថែមពីលេីនេះ​លោក ឡាវ វ៉ាន់ ក៏បានថ្លែងនូវការកោតសរសេីរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចគាំទ្រពីអាណាព្យាបាលលេីការសិក្សារបស់និស្សិតទាំងអស់​គ្នា​ ហេីយលោកបានបន្តការលេីកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពនិងបំណិន​ ព្រមទាំងរួមសាមគ្គីគ្នាចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top