ព័ត៌មានជាតិ

លោក ជា អូន​៖ ភាគច្រើនជាភ្ញៀវបរទេសស្បែកស ឆ្លងកាត់ព្រលានយន្តហោះថ្មីសៀមរាប មកទស្សនាកម្ពុជា

ភ្នំពេញ៖ លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរស៊ីវិល បានលើកឡើងទាក់ទងទៅនឹង អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបថា ក្រោយពីបានបើកដំណើរការ សាកល្បងកាលពីថ្ងៃ១៦ តុលា ឃើញមានភ្ញៀវទេសចរបរទេសជាច្រើន ពិសេសជនជាតិស្បែកស សម្រុកមកទស្សនានៅកម្ពុជា ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២០ តុលានេះ លោក ជា អូន ក៏បានប្រាប់ឆ្លៀត ប្រាប់អំពីចំនួនភ្ញៀវទេសបរទេសឆ្លងកាត់ការ ហោះហើរចូលមកលេងកម្សាន្តនៅកម្ពុជា កាលពីដើមឆ្នាំ២០២៣មានជាង១ពាន់ជើងហោះហើរ និងសរុបជាចំនួនមនុស្សជាង១០ម៉ឺននាក់ក្នុង១ខែៗ ប៉ុន្តែចូលមកដល់ឧសភា មិថុនា និងកក្កដាមានការធ្លាក់ចុះទៅវិញ ដោយឡែកសម្រាប់ខែតុលានេះវិញ គឺបានឡើងខ្ពស់នូវចំនួនជើងហោះ និងភ្ញៀវបរទេសវិញហើយ។

ការកើនឡើងវិញនេះដែរ លោកអះអាងថា ស្របពេលនឹងការបើកសាកល្បង ព្រលានយន្តហោះថ្មីនៅសៀមរាប ។ ករណីអាកាសយាន្តដ្ឋានថ្មីនេះលោកគូសបញ្ជាក់ថា “ភ្ញៀវបរទេសខ្ញុំឃើញច្រើន មកពីវៀតណាម ថៃ សិង្ហបុរី ។ យើងឃើញភាគច្រើន ជាជនបរទេសពួកស្បែកស” ។

ចំពោះចំនួនភ្ញៀវច្រើនមកពីប្រទេសសិង្ហបុរីនេះ ត្រូវបានលោកអះអាងថា ជួនកាលក្នុងមួយថ្ងៃមានជើងហោះហើរ២ជើងក៏មានដែរ ។

សម្រាប់ការទាក់ទាញភ្ញៀវទេសចរ ចំពោះអាកាសយាន្តដ្ឋានសៀមរាបថ្មីនេះ ត្រូវបានលោកមើលឃើញថា ដោយសាររចនាបថរបស់អាកាសយាន្តដ្ឋាននេះ មានលក្ខណៈល្អអស្ចារ្យជាងអាកាសយាន្តដ្ឋាន សុវណ្ណភូមិប្រទេសថៃផង ស្របពេលមានការផ្អើលបន្តគ្នាអំពីការបង្ហោះរូបភាព ព្រមទាំងវិដេអូពីអាកាសយាន្តដ្ឋានថ្មីនេះ លើបណ្តាញសង្គមនានា ក៏បានដឹងលឺទៅដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក​ក៏បានទាក់ទាញអ្នកដំណើរ ចង់មកទស្សនានៅកម្ពុជា ។

ជាមួយនឹងកំណើនភ្ញៀវទេសចរបរទេសនេះដែរ លោក ជា អូនក៏បានបង្ហាញក្តីសង្ឃឹមថា នឹងមានអ្នកវិនិយោគមកពីខេត្តយូណាន របស់ប្រទេសចិនមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត តាមរយៈជើងហោះហើរនៅខេត្តសៀមរាបនេះ លើផ្នែកសំណង់ ផ្លូវហាយវេ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាដើម ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៦ តុលា កម្ពុជាបានធ្វើពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (SAI) ក្រោយបានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគ១,១០០លានដុល្លារ ខណៈអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាចទទួលយន្តហោះប្រភេទ Airbus 350 និងBoeing787 ឆ្លងទ្វីប។ បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពទទួលអាកាសយានចំនួន៣៨ចំណត , ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ ខាងមុខ ដោយអាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ ហើយគ្រោងទទួលជើងហោះហើរបានចំនួន៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង ក្នុងឆ្នាំ២០៤០តាមការព្យាការណ៍ទុក៕

To Top