ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ មេដឹកនាំកំពូល ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាសមាជិកអាស៊ាន មិនភ្លេចឡើយ សួរនាំសុខទុក្ខ សម្តេចតេជោ

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គ្រប់មេដឹកនាំកំពូល ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាសមាជិកអាស៊ាន មិនភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា ដែលស្តែងឲ្យឃើញនូវការគោរព និងនឹករឭក។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានលាតត្រដាងការពិតមួយ ក្រោយពីអមដំណើរអស់រយៈពេល ២ខែ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជំនួបកំពូលទ្វេភាគី ឬពហុភាគីជាច្រើននៅក្នុងតំបន់អាស៊ី ។ ក្នុងនោះលោករៀបរាប់ថា “គ្រប់មេដឹកនាំកំពូល (ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន) មិនដែលភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ឬក៏ជួនកាលស្តែងឲ្យឃើញជាក់ស្តែងតែម្តង នូវការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ»”។

លោកថា ទាំងនេះ ឆ្លុះបញ្ចំងឲ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា«រដ្ឋបុរស»ប្រកែកមិនបានរបស់សម្តេចតេជោ ដែលថ្នាក់ ដឹកនាំតំបន់អាស៊ីទទួលស្គាល់ជាឯកច្ឆ័ន្ទ ហើយក៏ជាសម្ពាធមួយដែរមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្ពាធនៃទំនួលខុសត្រូវ ចំពោះមុខមាត់ជាតិកម្ពុជាលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ «វប្បធម៌លទ្ធផល» (ដឹកនាំរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំ មកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេសអង្គការតំបន់អាស៊ាន៕

To Top