ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ បំពេញទស្សនកិច្ច នៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសសិង្ហបុរី​

ភ្នំពេញ​៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE (Institute of Technical Education) ដើម្បីលើកកម្ពស់គុណភាព និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ITE របស់សិង្ហបុរី បានផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា។

សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិទ្យាស្ថាន ITE បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពគ្រូបង្គោលផ្នែក TVET និងមន្ត្រីគ្រប់គ្រងនៅតាមវិទ្យាស្ថានមួយចំនួនទៀតរបស់កម្ពុជា ដោយផ្តោតលើវិធីសាស្ត្របង្រៀន វិធីសាស្ត្រក្នុងការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលឱ្យកាន់តែមានភាពជឿនលឿន និងឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម នៃវិស័យឯកជននៅកម្ពុជា។

នាឱកាសទស្សនកិច្ចនោះដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន ITE បង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើផ្នែកផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាខែវិច្ឆិកាខាងមុខនេះ៕

To Top