ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ក្រុមហ៊ុនXinyi Energy ក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារក្នុងតំបន់ ដោយហេតុថា កម្ពុជាមានខ្សាច់ ដែលមានគុណភាពខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះនាឱកាសអញ្ជើញទស្សនកិច្ច ក្នុងទីក្រុង Shenzhen ដោយបានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar នៅប្រទេសចិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
តាមរយៈជំនួបនេះ លោកប្រធានក្រុមហ៊ុន បានឆ្លៀតឱកាសលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក្រុមហ៊ុនក៏អាចផលិតជាកញ្ចក់សូឡា(Solar Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។
ស្របតាមការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ក៏បានបង្ហាញការតាំងចិត្តថា នឹងអញ្ជើញមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំង សក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា Xinyi Solar គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមានរោងចក្រផលិតចំនួន១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទ Photovoltaic ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃ (daily melting capacity) សរុបចំនួន ២១ ៨០០តោន៕