ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣នៅប្រទេសចិន ក្រៅពីមានកិច្ចជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនធំៗរបស់ចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារផងដែរ ។ ពិសេសក្នុងពេលជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន សម្តេចធិបតីបានលើកឡើងពីគំនិតផ្តួចផ្តើមកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលជាគន្លឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកថែមទៀត ។
ឆ្នាំ ២០២៣ នេះជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យមានសន្ទុះឡើងវិញនិងមានភាពរស់រវើកខ្លាំងបន្ទាប់ពីជំងឺកូវីដ-១៩ ។ ក្នុងនោះ ទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ក្រុមទេសចរចិនក៏បានមកធ្វើទេសចរណ៍នៅប្រទេសកម្ពុជាឡើងវិញ ដែលចំនួនទេសចរចិនបានកើនឡើងជាបណ្តើរៗ ជាការជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានសភាពរស់រវើកឡើងវិញ ។
ចំណែកវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ កសិផលនិងជលផលរបស់ប្រទេសកម្ពុជាកាន់តែច្រើនឡើងៗបានត្រូវនាំចេញទៅប្រទេសចិន ដូចជាអង្ករ ស្វាយស្រស់ ចេកស្រស់ ម្រេច និងផលិតផលជលផលដូចជាបង្កងប៉ាក , អន្ទង់ , ត្រីដំរី និងខ្យងជាដើម ដែលបានរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករកម្ពុជាឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង ។
ក្រោមកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ក្រៅពីជំនួយរបស់រដ្ឋាភិបាលចិន ក្រុមហ៊ុនចិនជាច្រើនក៏បានចូលរួមការអភិវឌ្ឍគម្រោងធំៗនៅប្រទេសកម្ពុជាផងដែរ តួយ៉ាងដូចជាការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមទុនវិនិយោគប្រមាណ ១ ១០០ លានដុល្លារអាមេរិកដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ ឆ្នាំ បានបញ្ចប់ការសាងសង់រួចជាស្ថាពរនិងចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការនៅព្រឹកថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានលើកឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការថា អាកាសយានដ្ឋាននេះនឹងជួយតភ្ជាប់ផ្លូវអាកាសអន្តរជាតិ នាំភ្ញៀវទេសចរបរទេស និងវិនិយោគិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ ចំណែកលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានហុចជាផ្លែផ្កាដ៏ប្រចក្សជាបន្តបន្ទាប់ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ពាន ថ្នល់ មន្ទីរពេទ្យជាដើមដែលលេចចេញជារូបរាងនៅលើទឹកដីកម្ពុជាជាការសបង្ហាញថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដពីជំនួយរបស់មហាមិត្តចិន ជាពិសេសក្រោមកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ»ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ។
ក្រោមគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំកម្ពុជានិងចិន ប្រទេសទាំងពីរនឹងជំរុញការតភ្ជាប់គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិនជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ក៏ដូចជាជំរុញការកសាង«ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា»និង«ច្រករបៀងត្រីនិងស្រូវ» ។ ដោយឡែក «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលក្នុងនោះបូករួមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺមានសារៈសំខាន់សម្រាប់រឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។ អាស្រ័យហេតុនេះ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិនទទួលបានការឯកភាពទាំងស្រុងពីសំណាក់ថ្នាក់ដឹកនាំចិន ។
គួរបញ្ជាក់ថា ក្នុងកិច្ចជំនួបជាមួយសម្តេចធិបតីនៅព្រឹកថ្ងៃទី ១៩ ខែតុលានេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រើពាក្យថា «ប្រជាជនកម្ពុជាជាបងប្អូន» ប្រការនេះបានបង្ហាញពីមិត្តភាពដែកថែបដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ។ យើងអាចជឿជាក់បានថា «ឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងចិន» មុខជានឹងលើកកម្ពស់ចំណងមិត្តភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរថែមទៀតជាមិនខាន ហើយនេះក៏ជាអត្ថន័យដ៏សំខាន់មួយនៃសហគមន៍រួមវាសនាកម្ពុជា-ចិន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន