ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមថ្ងៃទី២១ តុលានេះ មានសភាពនឹងនរ ហើយកន្លែងខ្លះ ក៏បានស្រកចុះហើយដែរ។
ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១តុលានេះ ក្នុងអំឡុងពេលដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែង នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅទ្រឹង។ ប៉ុន្តែទោះបីជាយ៉ាងក្តី លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងការលិចលង់នេះ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ។
លោក អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ បានទទួលរងការលិចលង់ និងបានធ្វើអោយប្រជាពលរដ្ឋ២០៧៥គ្រួសារ ទទួលរងគ្រោះ ដោយការលិចលង់នេះ ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងនាំយកអំណោយ របស់កាកបាទក្រហមលម្ពុជា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនបងប្អូននៅពេលខាងមុខនេះ។
លោកក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះ ជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ៕