ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២២-២៥ តុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក​ និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា​កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២២-២៥ តុលា។

សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បញ្ជាក់​ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេសថៃ ផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។
ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) និងនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តបលើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ កត្តាទាំងនេះធ្វើឱ្យមានប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ នឹងគ្របដណ្តប់ ពីលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។

នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

To Top