ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group របស់ប្រទេសចិន សិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនាឱកាសចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Guangzhou International Corporate Incubator (GICI) របស់ ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group ស្របតាមការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Qun Ge នាយករង និងជាប្រធានប្រតិបត្តិក្រុមហ៊ុន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឲ្យមានកិច្ចសហប្រតិបត្តិការវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «លើកទឹកចិត្តឲ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួននៅកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ នូវរាល់សក្ដានុពល របស់កម្ពុជា»។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការចុះទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា។
ក្រុមហ៊ុនក៏បានរំលេច បន្ថែមអំពីភាពជាដៃគូ របស់ខ្លួនកន្លងមក ជាមួយបណ្ដាប្រទេស ដែលជាសមាជិក របស់កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ ហើយក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះផងដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន មានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នា។
គួរបញ្ជាក់ថា មជ្ឍមណ្ឌល GICI ជាមជ្ឈមណ្ឌលដ៏ជោគជ័យមួយ ហើយតាមរយៈការគាំទ្ររបស់មជ្ឈមណ្ឌលនេះ បានជួយជំរុញឱ្យធុរកិច្ចថ្មីចំនួន១២ បានទទួលការជោគជ័យ រហូតដល់មានលទ្ធភាព អាចបោះភាគហ៊ុន លើទីផ្សារភាគហ៊ុនបាន៕