ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំ ឱ្យមន្ត្រីបច្ចេកទេស ពន្លឿនការជួសជុលផ្លូវ១ខ្សែនៅស្រុកស៊ីធរកណ្តាលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ។
ការណែនាំបែបនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ១ខ្សែ ប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ក្នុងថ្ងៃដដែលនេះ លោក ឆាយ ឫទ្ធិសែន ក៏បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការងារសាងសង់ស្ពានចំនួន ៣កន្លែង នៅដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តត្បូងឃ្មុំ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហានទី២ ស្ថិតក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក។
ក្នុងឱកាសចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់ លោករដ្ឋមន្ត្រី បានណែនាំដល់ទីប្រឹក្សា និងអ្នកអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស និងជំរុញការងារសាងសង់ ឱ្យទាន់ផែនការគ្រោងទុក៕