ព័ត៌មានជាតិ

ក្រុមហ៊ុនដ៏ធំមួយ របស់ចិន នឹងសិក្សាលម្អិតពិនិត្យ លទ្ធភាពបើក រោងចក្រផលិតសំបកកង់ រថយន្ត នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wanli Tires បានសម្រេចចិត្តនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រ ផលិតសំបកកង់រថយន្ត របស់ខ្លួន នៅប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សារងារជាមួយ លោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិក របស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ នាថ្ងៃទី២១ តុលា នៅប្រទេសចិននោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម ៧%ជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មុនស្ថានភាពជំងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្រ្តសម្រាប់ វិនិយោគិនរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុន ផលិតសំបកកង់រថយន្ត នៅប្រទេសកម្ពុជាផងដែរ។ 

បន្ទាប់បានស្តាប់ការពន្យល់របស់ លោកឧបនាយករដ្ឋមន្ត្រី, លោកនាយករងក្រុមហ៊ុន បានសម្តែងនូវការស្ងប់ស្ងែង ចំពោះភាពរីកចម្រើន យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ជាច្រើនដើម្បីគាំទ្រដល់ ការអភិវឌ្ឍនៃសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ដោយមើលឃើញនូវភាពរីកចម្រើន ជារួមរបស់កម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្ត នឹងមកសិក្សាលម្អិត លើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅប្រទេសកម្ពុជា។

តាមរយៈការបង្ហាញឆន្ទ:យ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិត លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់ រោងចក្រផលិតសំបកកង់រថយន្ត របស់ខ្លួន។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួល លើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕

To Top