ព័ត៌មានជាតិ

ឥទ្ធិពលព្យុះត្រូពិក នឹងនាំឲ្យកម្ពុជាមានភ្លៀងធ្លាក់ ជាប់ៗគ្នា ៣ថ្ងៃទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើតបក់នាំសំណើម ក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃ២៣-២៦ តុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០%-៥០%។

ក្នុងនោះនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ៥០%-៦០%៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top