ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយ នៅស្រុកខ្មែរ បង្ហើបប្រាប់យុវជនថាជំនាញបច្ចេកទេសវិជ្ជាជីវៈ កំពុងត្រូវប៉ាន់ខ្លាំងណាស់

ភ្នំពេញ៖ ក្រុមហ៊ុននាំចូល និងដំឡើងរថយន្តដ៏ធំនៅស្រុកខ្មែរ អ អឹម អេ (ខេមបូឌា) បានអំពាវនាវឱ្យយុវជនងាកមកសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតមធ្យម និងកម្រិតខ្ពស់ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនធំៗ កំពុងមានតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញទីផ្សារការងារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ដែលមានយុវជនចូលរួមរាប់រយនាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) មានប្រសាសន៍ថា ក្រុមហ៊ុនធំៗជាពិសេសក្រុមហ៊ុនរបស់លោកកំពុងមានតម្រូវការបុគ្គលិកដែលមានជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់ សម្រាប់បម្រើការក្នុងសង្វាក់ផលិតកម្មដែលមានឱកាសការងាររាប់រយកន្លែងក្នុង១ខែៗ។

លោកថា៖ “ជាមធ្យមក្រុមហ៊ុនរបស់លោកត្រូវការបុគ្គលិក១០០ទៅ២០០នាក់ក្នុងមួយខែ ក្នុងនោះភាគច្រើនក្រុមហ៊ុនជ្រើសរើសអ្នកជំនាញបច្ចេកទេសមធ្យម និងខ្ពស់ៗ។ ដូច្នេះខ្ញុំលើកទឹកចិត្តឲ្យយុវជនត្រៀមលក្ខណៈក្នុងការចាប់ជំនាញបច្ចេកទេសទាំងនោះ ព្រោះទីផ្សារបច្ចុប្បន្នមានតម្រូវការណាស់ខណៈដែលកម្លាំងពលកម្មបច្ចុប្បន្នត្រូវការបណ្តុះបណ្តាល”។

សម្រាប់ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្សរូបនេះ ប្រទេសកម្ពុជាកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់រថយន្តមកជាប្រទេសដំឡើងរថយន្ត ហើយថ្ងៃខាងមុខ គឺឆ្ពោះបន្តទៅប្រទេសផលិតរថយន្ត ដូចនេះ តម្រូវការលើអ្នកជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់គឺជាអាទិភាពដែលក្រុមហ៊ុនត្រូវការខណៈដែលក្រុមហ៊ុនបានចំណាយថវិកាមិនតិចជាងកន្លះលានដុល្លារជារៀងរាល់ឆ្នាំដើម្បីបណ្តុះបណ្តាលនិងហ្វឹកហ្វឺនជំនាញបន្ថែមដល់បុគ្គលិកដែលមានជំនាញកម្រិតទាបឱ្យចាប់យកជំនាញកម្រិតមធ្យម និងខ្ពស់ដើម្បីបំពេញចន្លោះខ្វះខាត។

មិនតែប៉ុណ្ណោះ ការមានជំនាញមធ្យម និងខ្ពស់នេះ គឺនឹងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់មានជីវភាពធូរធា ហើយអាចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមតំណាងក្រុមហ៊ុនអ អឹម អេ (ខេមបូឌា)ដដែល។

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀតនឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់។

ពិព័រណ៍ការងារនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០,០០០កន្លែង ហើយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង៣០,០០០នាក់៕

លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)
To Top