ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ តុលានេះ បានដឹកនាំ អាជ្ញាធរ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មុនពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព សម្ពោធមន្ទីរពេទ្យជាតិដ៏ធំនេះជាផ្លូវការ នៅព្រឹកស្អែក។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលពិធីសម្ពោធស្អែកនេះ នឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួម ប្រមាណ៣ពាន់នាក់។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដឡើយ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ»៕