ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា មានធនធានមនុស្សវ័យក្រោម ២៥ឆ្នាំ រហូតដល់ ៦០% សុទ្ធសឹងជាធនធានដ៏សំខាន់ សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននានា មកបណ្ដាក់ទុននៅប្រទេសកម្ពុជា។
នាឱកាសអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ នាថ្ងៃទី២២ តុលា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំពីយុទ្ធសាស្រ្តទាក់ទាញ វិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ជាប់គ្នា ក្នុងរយៈពេល ២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។
លោក គូសបញ្ជាក់ថា «កម្ពុជា មានធនធានមនុស្សដែលមានវ័យក្រោម ២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគ របស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ រួមមាន៖ ទីតាំង (ដីធ្លី), ធនធានមនុស្ស និងទុនវិនិយោគ។ ដើម្បីឲ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះផងដែរ ច្បាប់ក៏ជាកត្តាសំខាន់មួយចំណែក កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយសស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗសុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រួលលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ តាមរយៈការអភិវឌ្ឍមិនឈប់ឈររបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសូចនាករសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៨មក។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជា រួមមាន ៖ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិចក្នុងផែនការ។
លោកឧបនាយករដ្ឋមន្ត្រី បង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជំរុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សូមបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូននិងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង ៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក៕