ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ជំរុញឱ្យបង្កើតភូមិគំរូ បន្ថែមទៀត

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យបន្ដជំរុញ បង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ។

ការណែនាំនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មានកសាងកម្ពុជាមានមហិច្ឆតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។

ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចំនួន ៤ គឺ៖
១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ ។
ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់ ១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០ ។
ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
ទី៤៖ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីវឌ្ឍនភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបាន ៨០% ហើយព្រមទាំងបានណែនាំឱ្យបន្ដជំរុញ បង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ។

ដោយឡែកចំពោះបញ្ហាផ្សេងៗ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីការងារមួយចំនួន ដូចខាងក្រោម៖
+ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ
+បង្កើតគណៈកម្មការមួយចំនួន ដើម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាមវិស័យ
+ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រីប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ
+អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តរបបប្រជុំត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ ៕

To Top