ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញ សេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានកោះធំ ត្រង់ គ.ម ៦៦+០៤០រហូតដល់ គ.ម៩២+៦៣០ ព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវខេត្តលេខ ១១០ មេត្តាជ្រាបថា៖ ដោយ ស្ថានភាពផ្លូវខេត្តលេខ ១១០ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ពិបាកក្នុងការធ្វើចរាចរណ៍ និងដោយសារ មួយរយៈនេះអាកាសធាតុមានការប្រែប្រួលមានភ្លៀងធ្លាក់ជាប្រចាំ បណ្ដាលឱ្យមានទឹកដក់នៅលើផ្លូវបណ្តាល មកពីគ្មានប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងដោយសារមានរថយន្តដឹកទំនិញធុនធ្ងន់ជាច្រើនគ្រឿង ចរាចរណ៍ដឹកទំនិញ ឆ្លងកាត់ទៅមក ដែលបណ្តាលឱ្យផ្លូវខេត្តលេខ ១១០ បច្ចុប្បន្នមានគ្រលុកច្រើន និងខូចទ្រុឌទ្រោមជា ខ្លាំង ។
ដូច្នេះដើម្បីជួយសម្រួលចរាចរណ៍ និងទប់ស្កាត់ការដឹកជញ្ជូនទំនិញ លើសទម្ងន់គ្រប់ប្រភេទដែល បណ្តាលឱ្យខូចផ្លូវនេះកាន់តែខ្លាំងបន្ថែមទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការ បិទចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ចាប់ពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី ។
ចំពោះរថយន្តដឹកទំនិញក្រោម ៥តោន និងរថយន្តគ្រួសារ អនុញ្ញាតឱ្យធ្វើចរាចរណ៍បានជាធម្មតា ៕